ប្រវត្តិខេត្តកោះកុង
ក្រុមស្រាវជ្រាវ៖ លោកបណ្ឌិត សុង ស៊ីណា, លោក សួ ប៉ុណ្ណារ៉ាត់, លោក អាត ទៀង
សៀវភៅ «ប្រវត្តិខេត្តកោះកុង» ចែកចេញជា៤ផ្នែក៖ ផ្នែកទី១ បង្ហាញអំពីភូមិសាស្ត្ររូបរបស់ ខេត្តកោះកុង ដោយអធិប្បាយពីប្រវត្តិឈ្មោះខេត្តកោះកុង ភូមិសាស្ត្រ ដែនដីកោះ ផ្ទៃក្រឡា ប្រជាជន និង គមនាគមន៍។ ផ្នែកទី២ បង្ហាញពីភូមិសាស្ត្រប្រវត្តិនៃខេត្តកោះកុង ដោយ រៀបរាប់អំពីប្រវត្តិ វប្បធម៌ និង ប្រវត្តិនៃការវិវត្តរដ្ឋបាលខេត្ត។ ផ្នែកទី៣ រៀបរាប់អំពីភូមិសាស្ត្រសេដ្ឋកិច្ចដោយ ផ្តោតលើវិស័យកសិកម្ម ជលផល សិប្បកម្ម ឧស្សាហកម្ម និង ពាណិជ្ជកម្ម។ ផ្នែកទី៤ បង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធ ខេត្ត កោះកុង ដែលមានការអភិវឌ្ឍវិស័យ ថាមពល ទឹកស្អាត បង្គន់អនាម័យ ទូរគមនាគមន៍ និង សុខាភិបាល។
ជាមួយគ្នានេះដែរ ការស្រាវជ្រាវប្រវត្តិខេត្តកោះកុង បង្ហាញនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តពីអតីតកាល ដែលបានជះឥទ្ធិពលមកលើបច្ចុប្បន្នកាល។ ដូច្នេះ ការបានស្គាល់ដើមហេតុ និង ការវិវត្តប្រវត្តិសាស្ត្រ គឺវាមានភាពចាំបាច់ សម្រាប់ទាញយកនូវបទពិសោធន៍នានា ដើម្បីរៀបចំអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន និង អនាគតឱ្យបានកាន់តែប្រសើរឡើង។ ការស្រាវជ្រាវនេះ ជាការពង្រឹងនូវភាពជាជនម្ចាស់ស្រុក ភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។